Huawei ចាប់ដៃគូជាមួយ UBTech ផលិតមនុស្សយន្តជំនាន់ថ្មី ដាក់ពង្រាយនៅទូទាំងប្រទេសចិន

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei Techonolgies បានចាប់ដៃគូ​សហការ​ជាមួយក្រុមហ៊ុនមនុស្សយន្ត UBTech ដើម្បីពន្លឿនដល់ការដាក់ពង្រាយមនុស្សយន្តឲ្យប្រើប្រាស់នៅក្នុងពិភពជាក់ស្តែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសារព័ត៌មានក្នុងស្រុក South China Morning Post បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុង Shenzhen ខេត្ត Guangdong មូលដ្ឋានផ្ទាល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងពីរ គឺមានគោលបំណងផ្លាស់ប្តូរមនុស្សយន្តពីការប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ ទៅជាមនុស្សយន្តដែលអាចបម្រើការនៅក្នុងពិភពជាក់ស្តែង បាន។

គួរឲ្យដឹងថា​ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Huawei និង UBTech គ្រោងនឹងសហការគ្នាបង្កើតរោងចក្រឆ្លាតវៃមួយ ដែលដំណើរការដោយមនុស្សយន្តសុទ្ធ ដើម្បីបង្កើនការផលិតមនុស្សយន្តមានសមត្ថភាពពិសេស សម្រាប់យកទៅប្រើប្រាស់នៅទូទាំងប្រទេសចិន ទាំងក្នុងវិស័យឧស្សាហកម្ម និងនៅក្នុងគ្រួសារ។

យ៉ាងណាមិញ ជុំវិញកិច្ចសហការនេះ ត្រូវបានចាត់ទុកថាជាការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Huawei បន្ថែមទៀត ទៅក្នុងវិស័យមនុស្សយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ដែលត្រូវបានគេរំពឹងថានឹងអាចឈានដល់ ៥,៣ពាន់លានយ៉ន់ (ឬស្មើ ៧៣២លានដុល្លារអាមេរិក) នៅឆ្នាំនេះ ពោលគឺកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពី LeadeRobot ។

ជម្រាបជូនថា UBTech ដែលជាអ្នកអភិវឌ្ឍកំពូលមួយរបស់ប្រទេសចិន ក្នុងវិស័យមនុស្សយន្ត បច្ចុប្បន្នកំពុងមានគោលបំណងផលិតមនុស្សយន្តឲ្យបាន ១ ០០០ គ្រឿងនៅឆ្នាំនេះ។ ក្រុមហ៊ុន ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតឧបករណ៍ Midea Group និងក្រុមហ៊ុនលក់រាយគ្រឿងសង្ហារឹម Easyhome ផងដែរ ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់មនុស្សយន្ត ទាំងនៅក្នុងរោងចក្រ និងក្នុងគ្រួសារ នាពេលអនាគត៕