ដើម្បីដោះស្រាយបញ្ហាកកស្ទះស្រូវរបស់ប្រជាកសិករ រោងម៉ាស៊ីនដែលជាដៃគូជាមួយក្រសួងកសិកម្ម សហព័ន្ធស្រូវអង្ករ ប៉ុន្មានខែកន្លងមកនេះ បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករនៅតាមទីវាលជាប្រចាំ និងមិនឱ្យកកស្ទះរហូតដល់ខូចស្រូវឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណស្រូវសើមជិត១ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីបងប្អូនកសិករនៅទូទាំងប្រទេសកាលពីថ្ងៃទី៦ វិច្ឆិកា ។ ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។
ក្រសួងកសិកម្ម បានបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្មនិងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។

ពាក់ព័ន្ធនឹងរឿងស្រូវនេះ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគូសបញ្ជាក់ដែរថា ត្រឹមខែតុលា ឆ្នាំ ២០២៥ ដំណោះស្រាយការប្រមូលផលនិងទីផ្សារបានប្រមាណ ៨ លានតោន នៅសល់ជាង ៦ លានតោនទៀត ត្រូវបន្តដោះស្រាយក្នុងខែ វិច្ឆិកា និងធ្នូ។ ក្នុងខែវិច្ឆិកាប៉ុណ្ណោះ ត្រូវប្រមូលផលស្រូវប្រមាណ ៤,៥ លានតោន ឬជាមធ្យមប្រមាណ ១៥ ម៉ឺនតោនក្នុងមួយថ្ងៃ។
លោកបានបន្តថា មានរោងម៉ាស៊ីនចុះសហការជាមួយក្រសួងកសិកម្មចំនួន ២៩ កំពុងសកម្មក្នុងការទិញស្រូវជាង ៦០ ម៉ឺនតោន សម្រាប់រដូវនេះ ដែលក្នុងនោះមានស្រូវ ផ្ការំដួលជាង ៤០ ម៉ឺនតោន ដោយតម្លៃទិញនៅវាលស្រែមិនទាប ១០០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្រូវគុណភាពល្អ។
លោកគូសបញ្ជាក់ថា កម្ពុជាបានបន្តដំណើរទៅមុខ ដោយស្មារតីសហការរបស់រដ្ឋាភិបាល អាជីវករស្រូវអង្ករ កសិករ និងប្រជារដ្ឋខ្មែរ ដើម្បីបង្កើនប្រាក់ចំណេញជូនកសិករនិងធានាការលូតលាស់ប្រកបដោយចីរភាពសម្រាប់វិស័យស្រូវអង្ករជាតិ៕


