ក្រុមហ៊ុន TUI Group ដែលបានបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីរនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប មានបំណងបន្តពង្រីកការវិនិយោគ និងការចូលរួមជួយគំាទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត។

នេះបើតាមការឱ្យដឹងក្នុងជំនួបរវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Thomas Ellerbeck សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group កាលពីថ្ងៃទី៥ វិច្ឆិកា ក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តលើរាជរដ្ឋាភិបាល តាមរយៈការបោះទុនវិនិយោគលើការបង្កើតសណ្ឋាគារលំដាប់ផ្កាយ៥ ធំៗ ចំនួនពីររួចទៅហើយនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ព្រមទាំងគម្រោងថ្មីៗ បន្ថែមទៀតដូចដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញក្រុមហ៊ុន លោក Thomas Ellerbeck និងសហការី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ជាពិសេស គឺសក្តានុពលនៅតំបន់អេកូទេសចរណ៍នាភាគឥសាន៕


