សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន%ឱ្យដឹងថា គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព។

នេះបើតាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២ ខែឧសភានេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចធិបតីបានថ្លែងថា បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានភាពសម្បូណ៌បែបដែលជាមធ្យោបាយផ្តល់ព័ត៌មានចម្រុះសម្រាប់សាធារណជន។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩, ការវាយតម្លៃតាមចំនួនឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនបង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបាន ព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។

សម្តេចបន្តថា គិតត្រឹមដើមត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទិកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយព័ត៌មាន និងទទួលព័ត៌មាន។
នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិជម្លោះ ប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវតែមានអភិបាលកិច្ច និងការទទួល ខុសត្រូវខ្ពស់តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់និង ស្ថិរភាពសង្គម។ក្នុងន័យនេះ ចាំបាច់ត្រូវបន្តនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងក្នុងតំបន់ និង លើសកលលោក ខណៈលំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន៕


