លោក ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរី ប្រចាំកម្ពុជា ប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។លោកថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា កាលថ្ងៃទី២ មេសា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី បានលើកឡើងថា នៅក្នុងអាណត្តិរបស់លោក នឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស ការពង្រីកទំនាក់ទំនងទាំងការទូត នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលការវិនិយោគនេះ ឯកឧត្តមសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងកៀងគរអ្នកវិនិយោគសិង្ហបុរី ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក ក៏នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែមានភាពស្អិតល្មួត តាមរយៈបង្កើតនូវផ្នែកទេសចរណ៍ឱ្យប្រជាជន ប្រទេសទាំងពីរ ធ្វើទស្សនាទៅវិញទៅមក កាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការលើកឡើង របស់ឯក អគ្គរដ្ឋទូតថ្មី លើការប្ដេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន។ឆ្លៀតឱកាសនោះ សម្ដេចតេជោ បានគូសបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីថា ជំហររបស់កម្ពុជា នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង។ សម្តេចតេជោថា កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក ។
សូមជម្រាបដែរថា កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងជាយូរអង្វែងជាមួយគ្នា ដែលកាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសទាំងពីរ បានប្រារព្ធគ្រប់ ៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ហើយការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច ទៅវិញទៅមក រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងសិង្ហបុរី។នេះបើតាមឯកអគ្គរដ្ឋទូតសិង្ហបុរី៕អត្ថបទ៖ហ្សាលីន


