លោក ណង សារ៉ាយ មេធាវីនៃការិយាល័យមេធាវី អាណាចក្រកម្ពុជា និងជាមេធាវីរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញលិខិតបំភ្លឺជាសាធារណៈគោរពជូន សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រួមទាំងបណ្ដាញសង្គមនានាឱ្យបានជ្រាបពីករណី គណនីហ្វេសប៊ុក ឈ្មោះ Vanna Sok បានបង្ហោះខ្លឹមសារ ភូតភរ បំភ័ន្ត ចោទប្រកាន់ និងមួលបង្កាច់ ដោយអសុទ្ធចិត្ត និងមានចេតនាបង្កឱ្យមានការយល់ច្រឡំជាសាធារណៈ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដលឱ្យមានការយល់ច្រឡំ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះកិត្តិយស ភាពស្អាតស្អំរបស់ កូនក្ដីខ្លួន (អ្នកឧកញ៉ាបណ្ឌិត ជា រតនា) ។
ក្នុងសេចក្ដីបំភ្លឺជាសាធារណៈរបស់លោកមេធាវី ណង សារ៉ាយ ដដែលក៏បានរៀបរាប់លម្អិតទៀតថា ម្ចាស់គណនីខាងលើ និងគណនីរបស់បក្សពួកខ្លួន ផ្សេងៗទៀត ថែមទាំងបានចែករំលែកនូវឃ្លីបវីដេអូ បង្ហោះឱ្យមានការយល់ច្រឡំជាសាធារណៈ និងអសុទ្ធចិត្តជាប្រព័ន្ធចំនួន រាប់រយដង ចូលទៅកាន់ក្រុមបណ្ដាញទំនាក់ទំនងសង្គម ឯកជន និងសាធារណៈជាច្រើនផ្សេងៗទៀតផងដែរ។
អាស្រ័យហេតុនេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា តាមរយៈមេធាវីរបស់ខ្លួន សូមរក្សាសិទ្ធិ ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន តាមនីតិវិធីច្បាប់ជាធរមាន៕




