ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឡើងវិញនៅចំពោះមុខអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីការប្តេជ្ញាចិត្តរួម ដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង គោរពច្បាប់អន្តរជាតិ គោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទស បានឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបទបង្ហាញជូនអង្គទូតបរទេសប្រចាំកម្ពុជា អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ស្ដីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុង ការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។
ទន្ទឹមនឹងនោះ លោក ប្រាក់ សុខុន បានលើកឡើងផងដែរអំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នា ក្រោមសេចក្តីថ្លែងការណ៍ រួមមានការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរអំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះ ការប្ដេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណរបស់កម្ពុជា ចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់ សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។
នៅចុងបញ្ចប់នៃការធ្វើបទបង្ហាញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន៕











