សម្តេចតេជោ និងសម្តេចធិបតី ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការប្រទានព្រះរាជដំណាក់ចំនួនពីរ សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតរួមគ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិត ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស​ម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ ទូលថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងព្រះរាជសារមរតកសាសន៍ ស្តីពីការប្រទានព្រះរាជដំណាក់ចំនួនពីរ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ»។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបរិច្ចាគ និងលះបង់គ្រប់បែបយ៉ាងជូន ប្រជារាស្ត្រកម្ពុជា។

ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានព្រះរាជទាននេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការប្ដេជ្ញាចិត្ដថា «ទូលព្រះបង្គំជាខ្ញុំនឹងរៀបចំជួសជុលកែលម្អ ថែរក្សា ព្រះរាជដំណាក់ទាំងពីរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរៀបចំចាត់ចែងធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ»។

សូមជម្រាបជូនថា ព្រះរាជដំណាក់ចំនួនពីរ ដែលព្រះមហាក្សត្រជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រៀបចំធ្វើជាសារមន្ទីរជាតិ និងដើម្បីទុកជាសម្បត្តិបេតិកភណ្ឌជាតិ មានដូចជា៖

១- ព្រះរាជដំណាក់ទក្សិណ លេខក្បាលដី ២៤៥ ទំហំ ២៨៤៣ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុលេខ ១២០២០៧០៣-០២៤៥ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

២- ព្រះរាជដំណាក់ព្កុល លេខក្បាលដី ១៥១ ទំហំ ៣៥៣៩ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុលេខ ១២០២០៧០៣-០១៥១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពេលដែលអស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត៕