លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ការបង្ហាញការប្ដេជ្ញាចិត្ដនេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី បានអញ្ជើញលោកស្រី Stephanie Peacock មកទស្សនកិច្ចនៅកម្ពុជាដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។ ឆ្លើយតបនឹងការអញ្ជើញនេះ លោកស្រីរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា៕


