ការនាំចេញអាវុធតម្លៃជាង ៥ពាន់លានដុល្លាររបស់អាមេរិក ត្រូវបានរារាំង ដោយសារការបិទរដ្ឋាភិបាល

អន្តរជាតិ

យោងតាមសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ការផ្ទេរអាវុធ រួមទាំងគ្រាប់មីស៊ីលAIM-120 AMRAAM ប្រព័ន្ធការពារ Aegis និងគ្រាប់រ៉ុក្កែត HIMARS ទៅកាន់សម្ព័ន្ធមិត្តណាតូ កំពុងត្រូវបានពន្យារពេលដោយសារតែផលប៉ះពាល់នៃការបិទរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីរូបនេះ ក៏បាននិយាយទៀតថា ប្រតិបត្តិការដែលមិនទាន់អាចសម្រេចបានមានតម្លៃសរុបជាង ៥ពាន់លានដុល្លារឯណោះ​ រួមទាំងការលក់អាវុធដោយផ្ទាល់ពីរដ្ឋាភិបាលអាមេរិក ទៅកាន់ណាតូ និងអាជ្ញាប័ណ្ណ សម្រាប់ក្រុមហ៊ុនការពារជាតិ ដើម្បីនាំចេញអាវុធ ផងដែរ។

យ៉ាងណាមិញ ជុំវិញគោលដៅចុងក្រោយនៃការបញ្ជាទិញអាវុធក្នុងចំនួនដ៏ច្រើនទាំងនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមសារព័ត៌មាន Axios បានកត់សម្គាល់ថា អាវុធជាច្រើនដែលសហរដ្ឋអាមេរិកលក់ទៅឲ្យអង្គការណាតូ នឹងត្រូវផ្ទេរបន្តទៅឲ្យអ៊ុយក្រែន។

ជម្រាបជូនថា ប្រតិបត្តិការរបស់ភ្នាក់ងាររដ្ឋាភិបាលជាច្រើននៅសហរដ្ឋអាមេរិកត្រូវបានជាប់គាំង ចាប់តាំងពីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ នៅក្នុងសភាមិនអាចឈានដល់កិច្ចព្រមព្រៀងលើសេចក្តីព្រាងច្បាប់ថវិកា ដែលបណ្តាលឱ្យរដ្ឋាភិបាលសហព័ន្ធត្រូវបិទដំណើរការនៅថ្ងៃទី១ ខែតុលា។ នេះគឺជាការបិទរដ្ឋាភិបាលយូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលលើសពីកំណត់ត្រា ៣៥ថ្ងៃដែលត្រូវបានកំណត់ក្នុងអាណត្តិដំបូងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ៕