សហស្ថាបនិកក្រុមហ៊ុន Mrcrosoft លោក Bill Gates គ្រោងនឹងបង្ហាញមុខ នៅក្នុងកម្មវិធីជជែកដ៏ពេញនិយមបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានឈ្មោះថា “You Quiz on the Block” ក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Korea JoongAnd daily បានបង្ហាញថា ក្រុមហ៊ុនផលិតកម្មវិធី CJ ENM បានប្រកាសពីការបង្ហាញវត្តមានរបស់លោក Bill Gates នៅក្នុងកម្មវិធីរបស់ខ្លួន នាពេលខាងមុខ ដោយថែមទាំងបាននិយាយទៀតថា ៖” យើងមានកិត្តិយសណាស់ដែលបានអញ្ជើញបុគ្គលដ៏ល្បីល្បាញ មកកាន់កម្មវិធីរបស់យើង ដោយរូបលោកបានភ្ជាប់ពិភពលោកតាមរយៈបច្ចេកវិទ្យា និងការផ្លាស់ប្តូរ តាមរយៈការបរិច្ចាគដ៏ច្រើនរបស់គាត់”។
យ៉ាងណាមិញ ជុំវិញវគ្គដែលមានវត្តមានរបស់លោក Bill Gates ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយ នៅចុងខែនេះ បើទោះបីជាកាលបរិច្ចេទពិតប្រាកដនៅមិនទាន់បានប្រកាសជាផ្លូវការ ក៏ដោយ។
ទន្ទឹមនឹងនេះ សារព័ត៌មាន Korea Herald បានរាយការណ៍ថា “You Quiz on the Block” ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ បានក្លាយជាកម្មវិធីជជែកដែលមានអ្នកមើលច្រើនបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។ រៀបចំដោយតារាកំប្លែងដ៏ល្បី លោក Yoo Jae Suk រួមជាមួយនឹង លោក Jo Se Ho កម្មវិធីនេះរំលេចការសន្ទនាពិសេសៗ ជាមួយភ្ញៀវមកពីគ្រប់វិស័យ និងប្រវត្តិផ្សេងៗគ្នា។
ជម្រាបជូនផងដែរថា យោងតាមការចុះផ្សាយពី Forbes បានរាយការណ៍ថា នៅត្រឹមវ័យ ៦៩ឆ្នាំ លោក Bill Gates មានទ្រព្យសម្បត្តិសរុបចំនួន ១១៨ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យរូបលោកក្លាយជាអ្នកមានបំផុតទី១៥ នៅលើពិភពលោក៕

