កោះស្លាកែត ស្ទូឌីយោ ដែលជាកន្លែងសម្រាកលំហែកាយ រំលេចទៅដោយវប្បធម៌ និងធម្មជាតិ បានរៀបចំពិធីប្រណាំងទូក ឆ្នាំ២០២៥ ជូនភ្ញៀវទស្សនាយ៉ាងសប្បាយរីករាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងទៅថ្មីៗនេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានចេញសារាចរផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្តែនៅតាមបណ្តាខេត្តនានាអាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងពលរដ្ឋ។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ជាមួយគ្នានេះ កោះស្លាកែត ស្ទូឌីយោ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១ ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏បានរៀបចំពិធីប្រណាំងទូក ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលអញ្ជើញទៅធ្វើដំណើរកម្សាន្ត ដើម្បីបង្កើនភាពសប្បាយរីករាយ និងបានស្វែងយល់ពីទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីរបស់ខ្មែរផងដែរ៕




















