ស្របពេលរដូវកាលនៃការថមថយនៃចំនួនភ្ញៀវទេសចរបរទេសចូលមកទស្សនានៅកម្ពុជាអស់រយៈពេលជាច្រើនខែកន្លងមកនេះបានធ្វើឱ្យក្រុមអ្នកផ្តល់សេវា ណែនាំដល់ភ្ញៀវប្រចាំខេត្តសៀមរាប បានធ្លាក់ចុះប្រាក់ចំណូលប្រចាំខែរបស់ខ្លួនរហូតដល់ពាក់កណ្តាល។ តួយ៉ាង លោក ទូន រស្មី ក្នុងរដូវកាលវិស័យទេសចរណ៍ខ្សត់ខ្សោយភ្ញៀវបរទេសចូលមកកម្សាន្តអស់មួយរយៈកាលកន្លងមកនេះទទួលបានចំណូលប្រមាណ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។

លោក ទូន រស្មី បានឱ្យដឹងថា តាមការសង្កេតនៅពេលកន្លងមក ខ្ញុំឃើញថានៅក្នុងកំឡុងរដូវកាលខ្សត់ភ្ញៀវ បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ពោលនៅក្នុងរដូវកាលពុំសូវសំបូរភ្ញៀវបរទេសចូលមកទស្សនា ខ្ញុំផ្តល់សេវាជូនភ្ញៀវក្នុងមួយខែបានចំនួន៥ថ្ងៃទៅ១សប្តាហ៍ប៉ុណ្ណោះ។
បើតាមលោក ទួន រស្មី រដូវកាលមិនសូវសំបូរភ្ញៀវបរទេសចូលមកទស្សនានៅកម្ពុជាចាប់ពីមេសារហូតដល់ខែកញ្ញា ហើយបរិមាណភ្ញៀវបរទេសមានការថមថយនេះ លោកយល់ឃើញថាអាចបណ្តាលមកពីសង្គ្រាមដែលបង្កដោយប្រទេសថៃមកលើកម្ពុជា និងដោយសារស្ថិតនៅក្នុងរដូវកាលភ្ញៀវខ្សត់ខ្សោយដែលកើតឡើងជារៀងរាល់ឆ្នាំ បូករួមជាមួយកត្តាអាកាសធាតុផងដែរ។
លោកបញ្ជាក់ថា “នៅក្នុងរដូវកាលខ្សត់ភ្ញៀវបរទេសមកកម្សាន្តនៅក្នុងស្រុក ក្នុងមួយខែអាចរកប្រាក់ចំណូលបានចន្លោះពី៣០០ទៅជាង៤០០ដុល្លារ ។តែបើដល់រដូវកាលសំបូរភ្ញៀវបរទេសក្នុងមួយខែអាចប្រាក់កម្រៃបានរហូតដល់ជាង៨០០ដុល្លារក៏អាចថាបាន។ ជាក់ស្តែងចូលមកដល់ខែវិច្ឆិកាឆ្នាំ២០២៥ ខ្ញុំទទួលបានការកក់ ពីក្រុមហ៊ុនផ្តល់សេវាជូនភ្ញៀវ ចង់ពេញមួយខែ ហើយខាងក្រុមហ៊ុនតែសួរនាំ បញ្ជាក់បើថ្ងៃណាទំនេរសូមផ្តល់ដំណឹងជូនគេ ដើម្បីងាយស្រួលក្នុងការរៀបចំពេលទទួលបានភ្ញៀវមកពីខាងក្រៅ”។

យោងតាម សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ប្រសាទកោះកែរ និងកំពង់ផែចុងឃ្នៀសប្រចាំខែតុលា២០២៥៖
ក្នុងខែតុលាឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដូចមានចំនួនភ្ញៀវ៦០ ២៤៩នាក់ ថយចុះ១៨,៩៧ភាគរយបើប្រៀបធៀបនិងខែតុលាឆ្នាំ២០២៤, ចំណូលបានចំនួន២,៨លានដុល្លារ ថយចុះ១៧,២៧ភាគរយ បើប្រៀបធៀបនិងខែតុលាឆ្នាំ២០២៤។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនភ្ញៀវសរុបចំនួន៧៦៥ ៥១៨នាក់ ថយចុះ១,១២ភាគរយ បើប្រៀបធៀបនិងពេលដូចគ្នាឆ្នាំ២០២៤ , ចំណូលសរុបបានជាង៣៥លានដុល្លារ ថយចុះ១,១៥ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

