សម្តេចតេជោ៖ ត្រឹមថ្ងៃ១ ឧសភា ព្រឹត្តិការបាល់ទាត់មនុស្សធម៌ បានទទួលថវិកាពីសប្បុរសជនសរុប ជាង៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគ្រូបង្វឹកកិត្តិយស ក៏ដូចជាអ្នកដឹកនាំការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នេះ បានឱ្យដឹងថា  តាមរយៈព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» បានទទួលថវិកាពីសប្បុរសជនទាំងអស់សរុប ជាង៥លានដុល្លារហើយ បើគិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ឧសភា២០២៤នេះ មាន​ប្រាក់​រៀល​ចំនួន​ ៦០៥ 000 000រៀល និង​ជា​ប្រាក់​ដុល្លារអាមេរិក​ចំនួន ៤ ៨៥០ ០០០ដុល្លា។ បើ​សរុប​គិត​ជា​ប្រាក់​ដុល្លារ​មាន​ចំនួន ៥ ០០១ ២៥០។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖«ថវិកា​ទាំងនេះ​ត្រូវ​បាន​បែងចែក​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​ចំនួន ៥០០ ០០០ ដុល្លារ មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​ចំនួន ៣០០ ០០០​ដុល្លា គ្រួសារ​យុទ្ធជន​ពលី ២០ គ្រួសារ​ចំនួន ២០០ ០០០​ដុល្លារ ដែល​សរុប​មាន ១ ០០០ ០០០ ដុល្លារ។ ក្រៅ​ពី​នោះ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ទទួល​បាន​ថវិកា​ចំនួន ៤ ០០១ ២៥០​ដុល្លារ​ជា​បណ្តោះ​អាសន្ន ហើយ​ប្រសិន​ជា​ទទួល​បាន​បន្ថែម​ទៀត​ក៏​នឹងប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ផងដែរ។លទ្ធផលចុងក្រោយរបស់យើងគឺជីវិត សុខភាពនិងស្នាមញញឹមរបស់កុមារ»។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ត្រូវសម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា និងជំរុញឱ្យបងប្អូនងាកមកលេងកីឡាជៀសវាងការប្រើប្រាស់គ្រឿងញៀន។

តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏បានជំរុញមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួមបរិច្ចាគជាហូរហែរ សំដៅរួមចំណែកលើកស្ទួយវិស័យកីឡា និងរឹតចំណងសាមគ្គីភាពស្របតាមពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន កីឡារស់ក្នុងសន្តិភាព ព្រមទាំងជួយជំរុញសកម្មភាពឱ្យបានផុលផុសការងារសង្គមនានាសំដៅចូលរួមអប់រំពលរដ្ឋគ្រប់រូបឱ្យចាកចេញពីគ្រឿងញៀន និងធានាបានឱកាសនៃការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំពោះថ្ងៃអនាគត៕