ថាមពលស្អាតគឺជាផ្នែកដ៏សំខាន់មួយនៃការប្តេជ្ញាខាងអាកាសធាតុរបស់ប្រទេសអូស្ត្រាលីនៅក្នុងស្រុក និងក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជា និងតំបន់។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលាថា អ្នកជំនាញពីកម្មវិធី CAPRED បានចូលរួមក្នុងសប្តាហ៍ថាមពលស្អាត ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីរបៀបដែលថាមពលស្អាតអាចគាំទ្រដល់កំណើនរបស់ប្រទេសកម្ពុជា ពង្រឹងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។
អូស្ត្រាលីគឺជាអ្នកឧបត្ថម្ភធំសម្រាប់សប្តាហ៍ថាមពលស្អាត ដែលជាវេទិការប្រមូលផ្តុំមន្ត្រីរាជរដ្ឋាភិបាល អាជីវកម្ម សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីរូមគ្នាជំរុញឲ្យកម្ពុជាមានបរិស្ថានស្អាត បៃតង និងសេដ្ឋកិច្ចរីកចម្រើន។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើអន្តរកាលថាមពលស្អាត ដោយមានគោលដៅបង្កើនថាមពលកកើតឡើងវិញឱ្យបានរហូតដល់៧០ភាគរយ នៃសមត្ថភាពផលិតថាមពលក្នុងស្រុកទាំងអស់នៅត្រឹមឆ្នាំ ២០៣០។
អូស្ត្រាលីគឺជាប្រទេសនាំមុខគេផ្នែកថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតថាមពលសូឡាតាមមនុស្សម្នាក់បានយ៉ាងខ្ពស់ ពោលគឺស្ថិតនៅក្នុងចំណោមប្រទេសដែលផលិតថាមពលសូឡាខ្ពស់បំផុតក្នុងពិភពលោក។
គួរឱ្យដឹងដែរថា ថាមពលស្អាត សំដៅលើការបង្កើតថាមពលតាមរយៈឧបករណ៍ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត ឬគ្មានកាបូនឌីអុកស៊ីត ក្នុងអំឡុងពេលដំណើរការផលិតថាមពល។ នៅក្នុងប្រទេសកម្ពុជា ប្រភពថាមពលស្អាតរួមមាន ថាមពលព្រះអាទិត្យ ថាមពលរហាត់ខ្យល់ និងថាមពលឡជីវឧស្ម័នធម្មជាតិជាដើម៕



