ជំនួបជាមួយភាគីជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលថ្ងៃទី១២ កញ្ញាម្សិលមិញ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងលោក តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។

សម្ដេចធិបតីបានជម្រាបអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ ជាពិសេសក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។

ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់របស់កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកប្រធានសមាគមជប៉ុន- កម្ពុជា ក៏បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗ ២ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន) ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

នៅក្នុងជំនួបដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតីជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់៕