ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអនុវត្តលើវិធានការពន្ធគយថ្មី សម្រាប់ការនាំចូលស្ករ ដោយសារតែតម្លៃអន្តរជាតិធ្លាក់ចុះ និងហានិភ័យចំពោះការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាលើដោយប្រធានាធិបតី លោកស្រី Claudia Shenbaum បានបង្ហាញឲ្យដឹងថា ពន្ធថ្មី ១៥៦% នឹងត្រូវអនុវត្តចំពោះការនាំចូលស្ករគ្រប់ប្រភេទ រួមទាំងស្ករ Beet និងទឹកស៊ីរ៉ូផងដែរ។ ចំណែកឯកទឹកស្ករដប នឹងត្រូវរងនូវពន្ធគយរហូតដល់ ២១០,៤៤% ។
យ៉ាងណាមិញ ជាធម្មតា ម៉ិកស៊ិក មិនមែនជាប្រទេសនាំចូលស្ករច្រើននោះឡើយ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយនេះ ការទិញស្ករពីបរទេសបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ ដែលបណ្តាល់ឲ្យមានការធ្លាក់ចុះនៃផលិតកម្មក្នុងស្រុក ជាមួយនឹងការនាំចេញទាប ទៅកាន់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ បើតាមលោក Carlos Blackaller ប្រធានអង្គការផលិតស្ករអំពៅសំខាន់ៗរបស់ប្រទេសម៉ិកស៊ិក បានប្រាប់អ្នកយកព័ត៌មានថា៖ “គម្រោងពន្ធថ្មីនេះ នឹងផ្តល់នូវការការពារកាន់តែច្រើនសម្រាប់ផលិតផលក្នុងស្រុក”។ លោកបានបន្ថែមទៀតថា ស្ករដែលនាំចូលក្នុងរយៈពេលបីរដូវកាលចុងក្រោយនេះ មានចំនួនសរុបជាង ១ លានតោន៕

