អ្នកឧកញ៉ា ទៀ វិចិត្រ៖ ក្រុមហ៊ុន ភីស ភេត្រូលៀម នឹងពហិការគ្រប់ផលិតផលរបស់ប្រទេសថៃ ឆ្លើយតបទៅនឹង​អំពើអមនុស្សធម៌

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) (PEACE Petroleum Cambodia ) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសថា ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) នឹងពហិការ​គ្រប់ផលិតផលរបស់ប្រទេសថៃ ដើម្បីឆ្លើយតបទៅនឹងអំពើអមនុស្សធម៌ពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃបានប្រើប្រាស់អំពើហិង្សា ដោយប្រើកាំភ្លើងបាញ់ប្រហារមកលើ​ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា​ នៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់​កម្ពុជារបួស ​៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។

ក្រោយហេតុការណ៍ខាងលើនេះ តាមរយៈបណ្តាញសង្គម អ្នកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងបែបនេះថា៖ “ឆ្លើយតប​ទៅនឹងអំពើអមនុស្សធម៌ពីប្រទេសថៃ ដែលរំលោភបំពានមកលើប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុននឹងពហិការគ្រប់​ផលិតផល​របស់ប្រទេសថៃ”។

សូមជម្រាបថា ក្រុមហ៊ុន PEACE Petroleum Cambodia ត្រូវបានបង្កើតឡើងដោយកូនខ្មែរគឺ លោក ទៀ ស្យាម និងអ្នកឧកញ៉ា ទៀ វិចិត្រ ជាសហស្ថាបនិក។ បច្ចុប្បន្នក្រុមហ៊ុនស្ថានីយប្រេងមួយនេះ មានចំនួនជាង ៣០កន្លែង ហើយក្រុមហ៊ុន មានទស្សនវិស័យច្បាស់លាស់ ក្នុងការពង្រីកវិសាលភាពនៃស្ថានីយ ភីស ឱ្យគ្របដណ្តប់បានគ្រប់ ២៥ រាជធានី ខេត្ត តាមផែនការនិងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន នាពេលឆាប់ៗខាងមុខនេះ៕