សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវការចំណាយទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារ ដើម្បីផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមវិញ រួមទាំងការផ្លាស់ប្តូរស្លាកសញ្ញា និងការធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធ Source Code ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងផងដែរថាទៀតថា ការសម្រេចចិត្តប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមនេះ តម្រូវឲ្យមានការជំនួសលើផ្លាកសញ្ញាដែលមានតម្លៃរាប់ពាន់លាន រួមទាំងរបស់របរពាក់ព័ន្ធផ្សេងទៀតទាំងអស់ នៅតាមមូលដ្ឋានយោធារបស់អាមេរិក នៅជុំវិញពិភពលោក។
គួរឲ្យដឹងផងដែរថា កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាកល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែកញ្ញា ដែលអនុញ្ញាតឲ្យរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ប្រើងារជារដ្ឋមន្ត្រីសង្គ្រាមវិញ និងផ្លាស់ប្តូរស្ថាប័នទៅជាក្រសួងសង្គ្រាម នៅក្នុងការឆ្លើយឆ្លងជាផ្លូវការ និងការប្រកាសជាសាធារណៈ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឈ្មោះនឹងចូលជាធរមានលុះត្រាតែវាត្រូវបានអនុម័តដោយសភា។ បច្ចុប្បន្ន ក្រសួងសង្គ្រាមគ្រាន់តែជាឈ្មោះបន្ទាប់បន្សំ មិនមែនជាឈ្មោះផ្លូវការរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅឡើយនោះទេ៕

