មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយនៅលើបណ្តាញសង្គម X របស់ខ្លួនថា របាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន CNBC ដែលថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបង្កើតថ្មី xAI របស់លោក កំពុងរៃអង្គាសទឹកប្រាក់បាន ១៥ពាន់លានដុល្លារ គឺជារឿងមិិនពិតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការចេញមុខបកស្រាយរបស់លោក Musk នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរបាយការណ៍ពី CNBC បាននិយាយថា ក្រុមហ៊ុន xAI កំពុងប្រមូលដើមទុនចំនួន ៥ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងមូលនិធិ ១០ពាន់លានដុល្លាររបស់ខ្លួន ដែលបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនទើបចាប់ផ្តើមថ្មីនេះ កើនឡើងដល់ ២០០ពាន់លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីកំពូលរបស់អាមេរិក លោក Musk បានចេញមុខនិយាយបដិសេធវិញភ្លាមៗ ដោយថារបាការណ៍ទាំងនេះសុទ្ធតែជារឿងមិនពិតនោះឡើយ ដោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់លោក កំពុងរៃអង្គាសទឹកប្រាក់បានចំនួន ១០ពាន់លានដុល្លារ ប៉ុណ្ណោះ។
ជម្រាបជូនថា ក្រុមហ៊ុន xAI ដែលត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ត្រូវបានចាត់ទុកថាជាដៃគូប្រជែងដ៏ធំជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលកំពុងវិនិយោគយ៉ាងច្រើនដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន៕

