មហាសេដ្ឋី Elon Musk ទាត់ចោលចចាមអារ៉ាមដែលថាក្រុមហ៊ុន xAI កំពុងរៃអង្គាសលុយបាន ១៥ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយនៅលើបណ្តាញសង្គម X របស់ខ្លួនថា របាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន CNBC ដែលថាក្រុមហ៊ុនបញ្ញាសិប្បនិម្មិតបង្កើតថ្មី​ xAI របស់លោក កំពុងរៃអង្គាសទឹកប្រាក់បាន ១៥ពាន់លានដុល្លារ គឺជារឿងមិិនពិតនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចេញមុខបកស្រាយរបស់លោក Musk នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរបាយការណ៍ពី CNBC បាននិយាយថា ក្រុមហ៊ុន xAI កំពុងប្រមូលដើមទុនចំនួន ៥ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងមូលនិធិ ១០ពាន់លានដុល្លាររបស់ខ្លួន ដែលបានធ្វើឲ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនទើបចាប់ផ្តើមថ្មីនេះ កើនឡើងដល់ ២០០ពាន់លានដុល្លារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋីកំពូលរបស់អាមេរិក លោក Musk បានចេញមុខនិយាយបដិសេធវិញភ្លាមៗ ដោយថារបាការណ៍ទាំងនេះសុទ្ធតែជារឿងមិនពិតនោះឡើយ ដោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់លោក កំពុងរៃអង្គាសទឹកប្រាក់បានចំនួន ១០ពាន់លានដុល្លារ ប៉ុណ្ណោះ។

ជម្រាបជូនថា ក្រុមហ៊ុន xAI ដែលត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ត្រូវបានចាត់ទុកថាជាដៃគូប្រជែងដ៏ធំជាមួយ ChatGPT របស់ក្រុមហ៊ុន OpenAI ដែលកំពុងវិនិយោគយ៉ាងច្រើនដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន៕