ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យវឌ្ឍនភាពគម្រោងបុរី ឡេង ណាវ៉ាត្រា ៦ អា និងជួបជាមួយបងប្អូនអតិថិជន ដើម្បីស្តាប់ពីស្ថានភាពនៃការរស់នៅ ព្រមទាំងពិនិត្យទីតាំងផ្ទះដែលផ្អាកដំណើរការសាងសង់ ការចាក់បំពេញដីឡូត៍ ការភ្ជាប់បណ្តាញអគ្គិសនី ប្រព័ន្ធបណ្តាញលូ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រួមផ្សំ ដើម្បីកំណត់វិធានការអាទិភាពក្នុងការជំរុញការសម្រុះសម្រួលដោះស្រាយជូនអតិថិជន។

ដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងបុរី ឡេង ណាវ៉ាត្រា របស់ក្រុមការងារក្រសួងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី។
បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា លទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ ពន្លឿនការងារសាងសង់ផ្ទះ ការចាក់បំពេញដីឡូត៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ និងអាទិភាពរបស់គម្រោង។
គួរបញ្ជាក់ថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មានទីតាំងស្ថិតនៅភូមិជ្រៃ មួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕









