សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចង់ឱ្យសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ទប់ស្កាត់ការនាំចូលសាច់បង្កកពីខាងក្រៅ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីប្រទេសថៃរកឃើញការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់ជាង៤លានគីឡូក្រាមកាលពីថ្ងៃទី១៩ ខែមេសាឆ្នំា២០២៣ បាននិងកំពុងធ្វើឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានការព្រួយបារម្ភជាខ្លំាង ខ្លាចឈ្មួញខិលខូចចាប់យកឱកាសលូចនាំចូលមកកម្ពុជាធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វក៏ដូចជាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅក្នុងស្រុក។ ផ្អែកទៅលើការព្រួយបារម្ភ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាគ្រោងធ្វើសន្និសីទសារព័ត៌មាននៅចុងខែមេសាឬដើមខែក្រោយ ដើម្បីឱ្យព័ត៌មានទំាងនេះបានលឺដល់សម្តេចតេជោ ហ៊ុនសែន ជួយធ្វើការអន្តរាគមន៍ទប់ស្កាត់ការនាំចូលសាច់បង្កកខូចគុណភាពឬខុសច្បាប់មកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ចំពោះសាច់បង្កកជាទូទៅកម្ពុជាមាននាំចូលស្រាប់ហើយ តែនៅពេលនាំចូលទៅប្រទេសថៃមិនរួច គេរំពឹងថាប្រទេសដែលមានការខ្វះខាត សេដ្ឋកិច្ចទន់ខ្សោយមួយចំនួនធំនឹងទទួលរងផលប៉ះពាល់ដូចជាវៀតណាមនិងកម្ពុជា។

លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា «ប្រទេសថៃគេមានវិធានការហើយគឺមិនអាចនាំចូលស្រុកថៃបានទេ ដូចនេះសាច់បង្កកទំាងនោះវានិងរកកន្លែងដែលត្រូវទៅ បើគេមិនចាក់ឱ្យត្រីឆា្លមស៊ីទេ ប្រាកដជារកប្រទេសដែលត្រូវបញ្ជូនទៅ បន្ទាប់មានតែកម្ពុជានិងវៀតណាម។យើងមិនគិតថាវាមកស្រុកខ្មែរទំាងអស់នោះទេ តែយើងមានការព្រួយបារម្ភ ហើយយើងរំពឹងថារាជរដ្ឋាភិបាលនិងមានចំណាប់អារម្មណ៍លើរឿងនេះនិងមានវិធានការដើម្បីទប់ស្កាត់ ពីព្រោះនៅប្រទេសថៃគេរកឃើញថាសាច់ដែលខូចគុណភាពនិងប៉ះពាល់សុខភាពមានជាង១៤០កុងតឺន័រទៅហើយ»។

បើតាមលោក លី ឡាវីល នៅក្នុងបរិមាណសាច់បង្កក៤លានគីឡូក្រាមដែលថៃរកឃើញនេះ គេយកមកសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសថៃក្នុងរយៈពេល២ខែ តែបើសម្រាប់កម្ពុជាអាចហូបជិតមួយឆ្នំាទើបអស់។
លោក សង្កត់ធ្ងន់ថា«ដើម្បីចូលរួមទប់ស្កាត់ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាយើងគ្រោងធ្វើសន្និសីទកាសែតមួយ ព្រោះយើងមិនដឹងថាមានវិធីណាឱ្យព័ត៌មាននេះលឺដល់សម្តេចតេជោហ៊ុនសែននោះទេ ជួយធ្វើការអន្តរាគមន៍ ព្រោះការងារនេះមានតែសម្តេចទេដែលអាចជួយការងារនេះបាន ដែលជាប្រមុខរាជរដ្ឋាភិបាល។

លើសពីនេះ ដើម្បីប្រកោគប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ ជួយគិតគូរដល់កសិករដែលជាអ្នកចិញ្ចឹមសត្វនៅទូទំាងប្រទេសផង។អ្វីដែលសមាគមយើងអាចធ្វើបាន គឺមានតែប្រកោគប្រកាសបង្កាទុកឱ្យហើយកុំឱ្យនាំចូលមកហើយកម្ពុជាក្លាយជាកន្លែងដែលគេចាក់សំរាម(សាច់បង្កក)នៅពេលស្រុកគេអត់ទទួលយក»។

លោកបញ្ជាក់ថា «យើងកំពុងតែពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វដើម្បីរើសពេលវេលាសមស្រប ព្រោះបច្ចុប្បន្នយើងកំពុងជួបផលលំបាកគ្រប់គ្នា អ៊ីចឹងយើងគ្រោងរៀបចំសន្និសីទកាសែននៅចុងខែមេសាឬនៅដើមខែក្រោយ»។

លោកលើកឡើងថា យើងធ្វើនេះគំរូដូចនៅស្រុកថៃ។ស្រុកថៃគ្រាន់តែមានសភាពការបែបនេះភ្លាមសមាគមអ្នកចិញ្ចឹមសត្វទូទំាងប្រទេសថៃគេមកសុំជួបជាមួយរាជរដ្ឋាភិបាល គេមកប្រជុំគ្នាដើម្បីស្តាប់ពីដំណោះស្រាយរបស់រដ្ឋាភិបាល តើរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចចំពោះសាច់បង្កកទំាងអស់ដែលនាំចូលមកដោយខុសច្បាប់?សម្រាប់កម្ពុជា យើងរំពឹងថាសម្តេចដែលជាប្រមុខរាជរដ្ឋាភិបាល សម្តេចប្រាកដជាគិតគូរទៅដល់វិស័យទំាងមូល ហើយទាក់ទងសុខភាពប្រជាជន។

យោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាបច្ចុប្បន្នតម្លៃជ្រូករស់នៅលើទីផ្សារបានរើបឡើងវិញបន្តិច ក្រោយពីជួបវិបត្តិរយៈពេល៨ខែមកនេះ វាមានពីរកក្តា៖១) រាជរដ្ឋាភិបាលសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគ្រប់គ្រងសាច់បង្កកមិនឱ្យមានបរិមាណលើសលុបពេកនៅលើទីផ្សារ អ៊ីចឹងធ្វើឱ្យកសិករអាចលក់ជ្រូកខ្លួនឯងបានថ្លៃខ្លះនិង២)ក្នុងរយៈពេល៨ខែដែលជ្រូកធ្លាក់ថ្លៃនេះ ធ្វើឱ្យប្រជាជនខ្នាតតូចមួយចំនួនធំបានបោះបង់ការចិញ្ចឹម និងកសិដ្ឋានមួយបានក្ស័យធន់ អ៊ីចឹងធ្វើឱ្យការផ្គត់ផ្គង់សាច់មានការថយចុះបន្តិច ទើបធ្វើឱ្យតម្លៃជ្រូករស់បានហក់ឡើងវិញពីតម្លៃ៧៥០០រៀលដល់ជិត៩០០០រៀលក្នុងមួយគីឡូក្រាម។

លោក លី ឡាវីល មានប្រសាសន៍ថា «យើងរំពឹងថាបើរាជរដ្ឋាភិបាលមានការគ្រប់គ្រងសាច់បង្កកបានល្អប្រសើរនៅក្នុងរយៈពេលមួយខែពីរខែទៅមុខថែមទៀត យើងសង្ឃឹមថាអ្នកចិញ្ចឹមសត្វអាចរួចខ្លួន តម្លៃនិងឡើងមកដល់ថ្លៃដើមផលិតរបស់យើងវិញ។ដូចនេះបើសាច់បង្កកដែលនំាចូលមកប្រទេសថៃត្រូវកេបោះចោល បែរជាហូរ(នាំចូល)មកម្តងទៀតនោះវានិងធ្វើឱ្យវិស័យចិញ្ចឹមសត្វកម្ពុជាជួបបញ្ហាធ្ងន់ធ្ងរឡើងវិញ»៕
អត្ថបទ៖សារេត