ក្រុងធំពីរនៅអាស៊ី ជាប់ក្នុងបញ្ជីឈ្មោះទីក្រុងទាំង១០ មានចំនួនសេដ្ឋីៗច្រើនជាងគេលើលោក

អន្តរជាតិ

យោងតាមរបាយការណ៍ទទួលបានពី World Ultra Wealth Report 2025 បានបង្ហាញឲ្យដឹងថា ហុងកុង និងតូក្យូ គឺជាទីក្រុងនៅអាស៊ីតែពីរប៉ុណ្ណោះ ដែលជាប់ឈ្មោះនៅក្នុងចំណោមទីក្រុងធំៗទាំង១០ ដែលមានចំនួនសេដ្ឋីៗច្រើនបំផុត នៅទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា គិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥ ទីក្រុងហុងកុងមានចំនួនសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបលើសពី ៣០លានដុល្លារ រហូតដល់ទៅ ១៧ ២១៥ នាក់ ឯណោះ ដោយកើនឡើង ១១,៥% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២២,៩% គិតចាប់តាំងពីដើមឆ្នាំនេះមក។

ផ្ទុយទៅវិញ ទីក្រុងតូក្យបានមើលឃើញចំនួនសេដ្ឋីៗនៅក្នុងប្រទេសរបស់ខ្លួន មានការធ្លាក់ចុះបន្តិច មកនៅត្រឹមចំនួន ៦ ៩៤០ នាក់ ដោយសារតែផលប័ត្រទ្រព្យសកម្មប្រឈមមុខនឹងឧបសគ្គពីអតិផរណាខ្លាំង ភាពមិនប្រាកដប្រជាខាងនយោបាយ សម្ពាធអចលនទ្រព្យ និងការប៉ះពាល់របស់អ្នកនាំចេញចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។

ជម្រាបជូនផងដែរថា សម្រាប់ទីក្រុងដែលនៅសល់នៃចំណាត់ថ្នាក់កំពូលទាំង១០ គឺជាទីក្រុងទាំងអស់របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយទីក្រុងញូវយ៉ក ដែលមានចំនួនសេដ្ឋីដល់ទៅ ២១ ៣៨០ នាក់។ ជាមួយគ្នានេះ ទីក្រុងឡូសអាន់ជឺឡេស សាន់ហ្វ្រាន់ស៊ីស្កូ និងឈីកាហ្គោ បានបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំងប្រាំ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនត្រឹមតែគ្របដណ្ដប់លើបញ្ជីឈ្មោះទីក្រុងមានចំនួនសេដ្ឋីៗឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំនួន ៣៨% នៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ នៅទូទាំងពិភពលោកផងដែរ៕​