ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសសាងសង់នាវាចម្បាំងអាមេរិកថ្មីមួយ ដែលនឹងដាក់តាមឈ្មោះរបស់លោក ហើយថែមទាំងបានបញ្ជាក់ទៀតថាសវានឹងក្លាយជានាវាចម្បាំងមានល្បឿនលឿន និងមានអានុភាពបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ដោយថ្លែងនៅឯវិមាន Mar-a-Lago លោក ត្រាំ បានលើកឡើងថា៖” នាវាចម្បាំងថ្មីមួយនឹងមានឈ្មោះថា Trump Class USS Defiant ហើយវានឹងក្លាយជានាវាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិក និងជានាវាដ៏លឿន និងមានអានុភាពជាងនាវាចម្បាំងប្រភេទមុនៗ រហូតដល់ទៅ ១០០ ដង”។
យ៉ាងណាមិញ ចំពោះនាវាចម្បាំង Class Trump នេះ នឹងមានសមត្ថភាពផ្ទុកទំងន់ចម្លោះពី ៣០ ០០០-៤០ ០០០ តោន ជាមួយនឹងការបំពាក់កាំភ្លើងធំ និងមីស៊ីលទំនើបបំផុត។
យោងតាមលោក ត្រាំ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងសាងសង់នាវាពីរគ្រឿងក្នុងដំណាក់កាល បន្ទាប់មកនឹងសាងសង់ប្រាំបីគ្រឿងទៀត។ លោករំពឹងថាកងទ័ពជើងទឹកអាមេរិកនឹងទទួលបាននាវាថ្មីៗ សរុបចំនួន ២០-២៥ គ្រឿង ដែលបង្កើតបានជា “កងនាវាមាស”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះក៏បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់លោក ក្នុងការសាងសង់នាវាទាំងនេះឲ្យរួចរាល់ នៅក្នុងរយៈពេលខ្លីបំផុត។ លោកនឹងជួបជាមួយអ្នកម៉ៅការសាងសង់ របស់ក្រសួងការពារជាតិនៅសប្តាហ៍ក្រោយនៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីការបង្កើនល្បឿនផលិតកម្មនាវាចម្បាំងទាំងនេះ៕

