ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសបារាំង ហាក់ដូចជាដំណើរលើកចុងក្រោយរបស់យន្តហោះមួយក្នុងចំណោមយន្តហោះពីរគ្រឿងដែលកំពុងបម្រើការជា Air Force One សម្រាប់ដឹកប្រធានាធិបតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Steven Cheung នាយកទំនាក់ទំនងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៨ ខែមិថុនា ដោយបង្ហើបថា អាចជាការហោះហើរលើកចុងក្រោយរបស់យន្តហោះមួយគ្រឿង ដែលបម្រើការជា Air Force One បន្ទាប់ពីវាបានវិលត្រឡប់មកពីកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងវិញ។
ទន្ទឹមនឹងនេះ លោកស្រី Monica Crowley ប្រធានពិធីការសេតវិមានក៏បានបង្ហោះរូបថតយន្តហោះដែលមានពណ៌ស ខៀវនេះ ភ្ជាប់ជាមួយសារមួយថា ៖” ខ្ញុំមានកិត្តិយសដែលបាននៅលើ Air Force One កាលពីយប់មិញ ក្នុងការហោះហើរចុងក្រោយរបស់វា។ វាបានបម្រើប្រធានាធិបតីអស់រយៈពេលជិត ៤០ឆ្នាំមកហើយ ចាប់តាំងពីលោក George H.W. Bush។ វាប្រហែលជាមិនមែនជាយន្តហោះទំនើបបំផុតទេ ប៉ុន្តែវាមានផាសុកភាពណាស់។ រាល់ការហោះហើរជាមួយប្រធានាធិបតី ដូណាល់ ត្រាំ គឺពិសេសមិនគួរឱ្យជឿ។ លាហើយ និងសូមអរគុណ”។
គួរឲ្យដឹងថា “Air Force One” គឺជាការកំណត់ជាផ្លូវការដែលប្រើដោយកងទ័ពអាកាសសហរដ្ឋអាមេរិក ដើម្បីសំដៅទៅលើយន្តហោះណាមួយដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីជៀសវាងការភាន់ច្រឡំជាមួយយន្តហោះផ្សេងទៀត។ ពាក្យនេះក៏ត្រូវបានគេប្រើជាទូទៅផងដែរ នៅពេលសំដៅទៅលើយន្តហោះចម្បងរបស់ប្រធានាធិបតី គឺ VC-25A ដែលជាកំណែពិសេសមួយ ដែលត្រូវបានបង្កើតឡើងពីយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 747-200B ហើយបានដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៩០។
យ៉ាងណាមិញ ជុំវិញការបង្ហោះសារពីសំណាក់ប្រភពជិតស្និទ្ធទាំងនេះបានជំរុញឱ្យមានការរំពឹងទុកថា យន្តហោះ VC-25A មួយគ្រឿងក្នុងចំណោមពីរគ្រឿង នឹងត្រូវដាក់ចូលនិវត្តន៍ ដោយបើកផ្លូវឱ្យយន្តហោះ Boeing 747-8i ដែលកាតាបានផ្តល់ឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ជាអំណោយនោះ នឹងត្រូវយកមកប្រើជំនួសវិញ។
គួរជម្រាបជូនថា យោងតាមសារព័ត៌មាន NBC News បានបង្ហាញថា លោក ត្រាំ កំពុងពិចារណាធ្វើការហោះហើរលើកដំបូងរបស់លោកលើយន្តហោះដែលប្រទេសកាតាបរិច្ចាគជូន នៅពេលដែលលោកត្រូវទៅទស្សនាភ្នំ Rushmore នៅខែក្រោយ ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើកទី២៥០ របស់សហរដ្ឋអាមេរិក៕

