រដ្ឋមន្ត្រីរតនាគារអាមេរិក៖ កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz អាចនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗ

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន អាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់នៅខែនេះ ដោយធានាលើការបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bessent បាននិយាយនៅក្នុងបទសម្ភាសជាមួយ CNBC នៅព្រឹកថ្ងៃទី៤ ខែសីហាថា ៖”យើងកំពុងចរចាជាមួយអ៊ីរ៉ង់ ហើយមានសក្តានុពលក្នុងការឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃនេះ ឬថ្ងៃស្អែក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងកែប្រែស្ថានភាពជម្លោះឲ្យមានលក្ខណៈល្អប្រសើរជាងមុន”។

យ៉ាងណាមិញ នៅពេលត្រូវបានសួរថាតើអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវាដល់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬទេ លោក Bessent គ្រាន់តែឆ្លើយតបវិញថា កិច្ចព្រមព្រៀងនេះនឹងធានាសេរីភាពនៃការធ្វើនាវាចរណ៍ ដោយមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតនោះឡើយ។

គួរជម្រាបជូនថា ជុំវិញសេចក្តីថ្លែងការណ៍របស់លោក Bessent នេះ គឺស្របនឹងការប្រកាសពីមុនពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការលុបចោលផែនការសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ ប៉ុន្តែទន្ទឹមនឹងនោះក្រសួងការបរទេសអ៊ីរ៉ង់នៅតែបន្តបដិសេធ ដោយនិយាយថាខ្លួនគ្មានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ៕