យោងតាមរបាយការណ៍ទទួលបានពី World Ultra Wealth Report 2025 បានបង្ហាញឲ្យដឹងថា ហុងកុង និងតូក្យូ គឺជាទីក្រុងនៅអាស៊ីតែពីរប៉ុណ្ណោះ ដែលជាប់ឈ្មោះនៅក្នុងចំណោមទីក្រុងធំៗទាំង១០ ដែលមានចំនួនសេដ្ឋីៗច្រើនបំផុត នៅទូទាំងពិភពលោក។

ប្រភពដដែលនេះ បានរាយការណ៍ទៀតថា គិតនៅត្រឹមខែមិថុនា ឆ្នាំ២០២៥ ទីក្រុងហុងកុងមានចំនួនសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបលើសពី ៣០លានដុល្លារ រហូតដល់ទៅ ១៧ ២១៥ នាក់ ឯណោះ ដោយកើនឡើង ១១,៥% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២២,៩% គិតចាប់តាំងពីដើមឆ្នាំនេះមក។
ផ្ទុយទៅវិញ ទីក្រុងតូក្យបានមើលឃើញចំនួនសេដ្ឋីៗនៅក្នុងប្រទេសរបស់ខ្លួន មានការធ្លាក់ចុះបន្តិច មកនៅត្រឹមចំនួន ៦ ៩៤០ នាក់ ដោយសារតែផលប័ត្រទ្រព្យសកម្មប្រឈមមុខនឹងឧបសគ្គពីអតិផរណាខ្លាំង ភាពមិនប្រាកដប្រជាខាងនយោបាយ សម្ពាធអចលនទ្រព្យ និងការប៉ះពាល់របស់អ្នកនាំចេញចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង។
ជម្រាបជូនផងដែរថា សម្រាប់ទីក្រុងដែលនៅសល់នៃចំណាត់ថ្នាក់កំពូលទាំង១០ គឺជាទីក្រុងទាំងអស់របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយទីក្រុងញូវយ៉ក ដែលមានចំនួនសេដ្ឋីដល់ទៅ ២១ ៣៨០ នាក់។ ជាមួយគ្នានេះ ទីក្រុងឡូសអាន់ជឺឡេស សាន់ហ្វ្រាន់ស៊ីស្កូ និងឈីកាហ្គោ បានបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំងប្រាំ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនត្រឹមតែគ្របដណ្ដប់លើបញ្ជីឈ្មោះទីក្រុងមានចំនួនសេដ្ឋីៗឈានមុខគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំនួន ៣៨% នៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិច្រើនលើសលប់ នៅទូទាំងពិភពលោកផងដែរ៕

