នាពេលឆាប់ខាងមុខនេះ ខេត្តកំពង់ស្ពឺ នឹងទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល ក្នុងទំហំទុនវិនិយោគប្រមាណ ៣២លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីរួចរាល់ហើយ។

យោងតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាស ចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល ក្នុងទំហំទុនវិនិយោគប្រមាណ ៣២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៥កន្លែង។
បើយោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក.” បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃកសិផល និងផលិតចំណីអាហារពីកសិផល ដែលបោះទីតាំងស្ថិតនៅក្បាលដីលេខ 1452, 1453, 1642 ផ្លូវជាតិលេខ៥១ ភូមិស្តុកស្អាត ឃុំភ្នំតូច ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
គម្រោងវិនិយោគខាងលើនេះ គឺវិនិយោគដោយក្រុមហ៊ុន ហ្គ្រីន អ៊ិនដាសស្ទៀល ផាក អ៊ិនវេសម៉ិន ឯ.ក – GREEN INDUSTRIAL PARK INVESTMENT CO., LTD.។
សូមរម្លឹកដែរថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


