អនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ១៤៨លានដុល្លារ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ ដើម្បីបង្កើតការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាន ក្នុងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ក្នុងឆ្នាំ២០២៥នេះថា ខេត្តតាកែវទទួលបានគម្រោងវិនិយោគថ្មីកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង តាមរយៈអនុគណៈកម្មការវិនិយោខេត្ត ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥នេះ បានអនុម័តគម្រោងចុះបញ្ជីក្រុមហ៊ុនវិនិយោគចំនួន៤៥ក្រុមហ៊ុន ក្រោមទុនវិនិយោគចំនួន១៤៨លានដុល្លារ។ ក្នុងនោះរួមមានក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម សម្ភារផ្ទះបាយ សម្ភារវេចខ្ចប់សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែប្រាំង និងហ្គែរ សម្រាប់កង់ម៉ូតូ និងរថយន្ត។
ក្នុងរយៈពេល១០ខែនេះ មានរោងចក្រថ្មីដែលបានសាងសង់រួចរាល់ ដើម្បីបើកដំណើរការ មានចំនួន១៤៩ ក្នុងចំណោមរោងចក្រដែលបានស្នើសុំចុះបញ្ជីក្នុងខេត្ត។ រោងចក្រ សហគ្រាសទាំងនោះ មានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និង រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
លោកអភិបាលខេត្ត បានបន្ថែមថា ការទាក់ទាញបាននូវរោងចក្រសហគ្រាសពីក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តតាកែវពេលនេះ គឺដោយសារខេត្តនេះមានសក្តានុពល ដូចជា សំបូរកម្លាំងពលកម្មវ័យក្មេង មានទីតាំងភូមិសាស្ត្រ និងផ្លូវគមនាគម ប្រកបដោយសក្តានុពល ដោយមានការតភ្ជាប់ជាមួយនឹងផ្លូវជាតិធំៗ ដូចជាផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិតេជោ និងនៅថ្ងៃខាងមុខ ក៏មានព្រែកជីកហ្វូណន ដែលងាយស្រួល ដល់ការដឹកជញ្ជូន និងងាយស្រួលដល់ការធ្វើធុរកិច្ច។
បើតាមអភិបាលខេត្ត បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រដំណើរការចំនួន ៨១៩រោងចក្រ មានកម្មករនិយោជិតជាង១២ម៉ឺននាក់ ក្នុងនោះស្រ្តីមានជាង៨ម៉ឺននាក់។
ក្នុងចំណោមនោះ រោងចក្រវាយណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានចំនួន១៣៥ មានកម្មករនិយោជិត ជាង១០ម៉ឺននាក់។ រោងចក្រក្រៅពីកាត់ដេរ មានចំនួន ៦៨៤សហគ្រាស មានកម្មករនិយោជិតជាង២ម៉ឺន៥ពាន់នាក់។
ចំពោះរោងចក្រធុនធំកំពុងសាងសង់ និងដំណើរការមានចំនួន១៩៧រោងចក្រ ប្រើប្រាស់កម្លាំងពលកម្ម ជាង៨ម៉ឺន៨ពាន់នាក់ ក្នុងនោះស្រ្តីជាង៦ម៉ឺននាក់។ រីឯសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលកំពុងដំណើរការមានចំនួន ៧៦៨ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មជាង១ម៉ឺននាក់ ក្នុងនោះស្រ្តីមានជាង៦ពាន់នាក់។ ក្រៅពីនេះ ខេត្តតាកែវក៏មានសិប្បកម្មខ្នាតតូច លក្ខណៈគ្រួសារ ដូចតម្បាញហូលផាមួង ក្រមាសូត្រ ផងដែរ៕



