សម្តេចតេជោ ហ៊ុន សែន ទុកពេល៣០ថ្ងៃធ្វើជំរឿនកសិកម្ម ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យសហគ្រាសកសិដ្ឋានកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទទាំងអស់ ត្រូវចូលរួមគាំទ្រ និងផ្តល់ព័ត៌មាន​ធ្វើជំរឿនកសិកម្ម ឆ្នាំ២០២៣ រយះពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១​ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដែលជាជំរឿនលើកទី២នៅកម្ពុជាស្របតាមច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារអំពាវនាវចំនួនពីរទំព័រចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣នេះ បានញ្ជាក់ថា ជំរឿនកសិកម្មមានគោលបំណងទទួលបានព័ត៌មានសំខាន់ៗវិស័យកសិកម្មស្តពីស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្រ្តផែនការ សកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍវិស័យកម្ម សេដ្ឋកិច្ច​ សង្គមកិច្ច និងសុខុមាលភាពប្រជាជន។

ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុក ការធ្វើជំរឿនកសិកម្មនេះ គឺជាការងារដ៏ធំជាប្រវត្តិសាស្រ្ត និងមានសារសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ជាការងារស្ថិតិជាតិដែលមាននាំមកនូវព័ត៌មានទិន្នន័យទាំងឡាយរបស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ការធ្វើជំរឿនកសិកម្មមានប្រទេសជាច្រើនលើពិភពលោក គឺសុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនកសិកម្ម ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចដំណើរការ និងការប្រព្រឹត្តិទៅនៃជំរឿនកសិកម្មបានល្អ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «លទ្ធផលទិន្នន័យដែលបានមកពីជំរឿនកសិកម្ម នឹងត្រូវធ្វើបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យសាធារណ និងវិស័យឯកជន។ ក្នុងន័យនេះ សម្តេចតេជោអំពាវនាវឲ្យសហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទផ្តល់ព័ត៌មានទិន្នន័យឲ្យបានពេញលេញត្រឹមត្រូវ និងស្មោះត្រង់ជូនមន្រ្តីធ្វើជំរឿនកសិកម្ម ដើម្បីបង្កើតបានស្ថិតិល្អ ព្រោះស្ថិតិល្អបង្កើតបាននូវគោលនយោយបាយល្អ ហើយគោលនយោបាយល្អនឹងជំរុញការអភិវឌ្ឍប្រទេសជាតិយើងបានជឿនលឿនរីកចម្រើន»៕