កម្ពុជាប្រាប់នាយករដ្ឋមន្រ្ដីសាធារណរដ្ឋរវ៉ាន់ដាថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញ ថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរឿងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជំហរកម្ពុជាមិនដែលប្រែប្រួលនោះទេ ទោះទៅដល់ទីណាក៏ដោយ ដោយកាលពីពេលថ្មីៗនេះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅនាយករដ្ឋមន្រ្ដីសាធារណរដ្ឋរវ៉ាន់ដា ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញ ថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា។ នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva។

ជាមួយគ្នានោះ រដ្ឋមន្រ្ដីការបរទេសកម្ពុជា ក៏បានជម្រាបជូនអំពីភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នាពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ ដោយមានឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាសាក្សី។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីសាធារណរដ្ឋរវ៉ាន់ដា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការ បរទេសទាំងពីរដែលរួមមាន (១) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង (២) កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ដា។

សូមជម្រាបជូនថា ការចូលជួបសម្ដែងការគួរសមនេះ ធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕