យោងតាមការចុះផ្សាយពីកាសែតក្នុងស្រុក Asahi បានបង្ហាញឲ្យដឹងថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលបានគ្រោងទុក ក្នុងចំនួនលើសពី ២០ទ្រីលានយ៉េន (១២៧ពាន់លានដុល្លារ) ដោយក្នុងនោះ នឹងរួមបញ្ចូលទាំងការទូទាត់បណ្តោះអាសន្នដល់គ្រួសារដែលមានកូននៅក្នុងបន្ទុក។

កាសែតដដែលនេះ ក៏បាននិយាយទៀតផងដែរថា ក្រៅពីការបន្ធូរបន្ថយពន្ធលើប្រាក់ចំណូល និងការកាត់បន្ថយអត្រាពន្ធប្រេងសាំង ការចំណាយនេះ នឹងរួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភដែលត្រូវចែកចាយដល់រដ្ឋាភិបាលមូលដ្ឋាន សម្រាប់ជំហាននានា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់គ្រួសារពីការកើនឡើងនៃថ្លៃដើមរស់នៅ ក៏ដូចជាកាត់បន្ថយវិក្កយបត្រប្រើប្រាស់ផងដែរ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលជប៉ុន ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២ម៉ឺនយ៉េនសម្រាប់កុមារម្នាក់ បន្ថែមពីលើប្រាក់ឧបត្ថម្ភកុមារដែលមានស្រាប់ ខណៈពេលដែលរដ្ឋាភិបាល មានគោលបំណងអនុម័តថវិកាបន្ថែមតាមរយៈសភា នៅខែក្រោយ ដើម្បីផ្តល់មូលនិធិសម្រាប់កញ្ចប់ជំនួយដ៏ធំនេះ។
ជម្រាបជូនថា ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមុនមក នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានសន្យាថានឹងចងក្រងកញ្ចប់ចំណាយដ៏ធំមួយ ដើម្បីកាត់បន្ថយការឈឺចាប់របស់គ្រួសារជប៉ុន ពីការកើនឡើងនៃការចំណាយលើការរស់នៅ និងជំរុញការវិនិយោគ៕

