ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើស​មន្រ្តី និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន៥លើក​​ហើយ ក្នុង​នីតិកាលទី៧នេះ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន៥លើកហើយ ក្នុង​នីតិកាលទី៧ នៃរដ្ឋសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើ​ការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អមដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងវេទិកាសន្និសីទសារព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុង​នីតិកាលទី៧ នៃរដ្ឋសភានេះ គណៈកម្មការរៀបចំការប្រឡងប្រជែងក្រសួងមុខងារសាធារណៈ បានរៀបចំការ​ប្រឡងប្រជែង​ជ្រើសរើសមន្រ្តី និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន ៥លើក រួចមកហើយរួមមាន៖ ជ្រើស​រើសគ្រូកីឡា, គ្រូបង្រៀនបឋមសិក្សា, គ្រូបង្រៀនអនុវិទ្យាល័យ, គ្រូបង្រៀនវិទ្យាល័យ និងការប្រឡងប្រជែង​ជ្រើសរើស​លើកនេះ ជាលើកទី៥ គឺ​ការជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូល​បម្រើការងារ​នៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។

សូមជម្រាបថា បើតាមក្រសួងមុខងារសាធារណៈ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈាន​ទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុង​ការសិក្សា និងដើម្បីជួយសម្រួលភាព​នឿយហត់ គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ៕