គណៈកម្មការរៀបចំការប្រឡងប្រជែងនៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន៥លើកហើយ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការរៀបចំការប្រឡងប្រជែង បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អមដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងវេទិកាសន្និសីទសារព័ត៌មានខាងលើនេះ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ គណៈកម្មការរៀបចំការប្រឡងប្រជែងក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តី និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនក្រសួងអប់រំ បាន ៥លើក រួចមកហើយរួមមាន៖ ជ្រើសរើសគ្រូកីឡា, គ្រូបង្រៀនបឋមសិក្សា, គ្រូបង្រៀនអនុវិទ្យាល័យ, គ្រូបង្រៀនវិទ្យាល័យ និងការប្រឡងប្រជែងជ្រើសរើសលើកនេះ ជាលើកទី៥ គឺការជ្រើសរើស «គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ» ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ។
សូមជម្រាបថា បើតាមក្រសួងមុខងារសាធារណៈ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ៕





