ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។
នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាព បានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេស កសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និង បរិយាបន្ន។
ខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និង ចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគ នៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលមិនទាន់គ្រប់គ្រាន់។
ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះ ផ្តោតលើការពង្រឹងបរិយាកាសបទប្បញ្ញត្តិ ស្ថិរភាពហិរញ្ញវត្ថុ សកម្មភាពទីផ្សារ និង ការការពារអ្នកប្រើប្រាស់ ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្រ្តសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ទ្រព្យឌីជីថល និងរូបិយប័ណ្ណគ្រីបតូ និងការផ្តល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យ។ ការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុ នឹងជួយបង្កើតបរិយាកាស អំណោយផលសម្រាប់ហិរញ្ញវត្ថុដែលមានបរិយាបន្ន និងគាំទ្រដោយបច្ចេកវិទ្យា។
សូមជម្រាប់ថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ អត្ថបទ៖ហ្សាលីន


