សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ថ្មីៗនេះ បានវ៉ាដាច់លោក Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Amazon ក្លាយជាអ្នកមានដាច់គេបំផុតលំដាប់ទី៣ របស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាង ២៤៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការហក់ឡើងនៃចំនួនទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់លោក Page នេះ បានកើតឡើង បន្ទាប់ពីភាគហ៊ុនរបស់ Alphabet បានកើនឡើងជិត ៦% បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់គំរូ AI ជំនាន់ថ្មី Gemini 3 របស់ Google ។
លោក Page ដែលជាម្ចាស់ភាគហ៊ុនប្រហែល ៣,២% នៃក្រុមហ៊ុន Alphabet បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងរហូតដល់ ៧,៦ពាន់លានដុល្លារ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការកើនឡើងនៃភាគហ៊ុននោះ។
យ៉ាងណាមិញ បើតាមទស្សនាវដ្តី Forbes បានរាយការណ៍ថាឥឡូវនេះ លោក Page បានឡើងតំណែងជាកំពូលអ្នកមានដាច់គេទី៣ លើលោក ខណៈតាមពីក្រោយដោយលោក Bezos ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២៣៣ពាន់លានដុល្លារ។
ជម្រាបជូនថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅតែជាអ្នកមានបំផុតរបស់ពិភពលោក ដោយមានទ្រព្យសម្បត្តិចំនួនជាង ៤៦០ពាន់លានដុល្លារ តាមពីក្រោយដោយលោក Larry Ellison ប្រធានក្រុមហ៊ុន Oracle ដែលទ្រព្យសម្បត្តិសរុបចំនួនជាង ២៤៨ពាន់លានដុល្លារ៕

