ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំប្រតិភូចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរបេសកកម្ម “ដើរទាក់ម៉ូយ ឬគោះទ្វារសេដ្ឋកិច្ច” ទៅកាន់ខេត្តហ៊ូបុី ទីក្រុងសៀងយ៉ាង នៃសារធារណរដ្ឋប្រជាមានិតចិន។

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃពុធនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះថា៖ “ថ្ងៃនេះ ខ្ញុំដឹកនាំប្រតិភូខេត្តតាកែវ ទៅកាន់ខេត្តហ៊ូប៉ី ក្រុងសៀងយ៉ាង នៃប្រទេសចិន ដើម្បីបង្ហាញសក្តានុពលរបស់ខេត្តតាកែវ ទៅដល់អ្នកវិនិយោគខេត្តហ៊ូប៉ី។ ២៦-១១-២០២៥”។
គួររំឭកថា កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ក៏បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីកពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន និងបន្តទៅទស្សនកិច្ចនៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន ដើម្បីសិក្សាស្វែងយល់ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ និងបង្ហាញអំពីសក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វុី សំណាង បានឱ្យដឹងផងដែរថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៥នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាម៉េរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម៕

