អភិបាលខេត្តតាកែវ ដឹកនាំប្រតិភូចេញទៅទាក់ម៉ូយវិនិយោគនៅក្រុងសៀងយ៉ាង ប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំប្រតិភូ​ចាក​ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើដំណើរបេសកកម្ម “ដើរ​ទាក់ម៉ូយ ឬគោះទ្វារសេដ្ឋកិច្ច” ទៅកាន់​ខេត្តហ៊ូបុី ទីក្រុងសៀងយ៉ាង នៃ​សារធារណរដ្ឋ​ប្រជាមានិត​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃពុធនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើង​បែបនេះថា៖ “ថ្ងៃនេះ ខ្ញុំដឹកនាំប្រតិភូខេត្តតាកែវ ទៅកាន់ខេត្តហ៊ូប៉ី ក្រុងសៀងយ៉ាង នៃប្រទេសចិន ដើម្បីបង្ហាញ​សក្តានុពលរបស់ខេត្តតាកែវ ទៅដល់អ្នកវិនិយោគខេត្តហ៊ូប៉ី។ ២៦-១១-២០២៥”។

គួររំឭកថា កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ក៏បានដឹកនាំគណៈ​ប្រតិភូរដ្ឋបាលខេត្តតាកែវ ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំ សមាគមព្រែកជីក​ពិភពលោក នៅក្រុងយ៉ាងចូវ ខេត្តជាងស៊ូ ប្រទេសចិន និងបន្តទៅទស្សនកិច្ចនៅទីក្រុងហ្ស៊ាមែន ខេត្តហ្វូចៀន  ដើម្បីសិក្សាស្វែងយល់ប្រព័ន្ធចម្រោះទឹកកខ្វក់ វិស័យកសិកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម វិស័យរ៉ែ និងបង្ហាញអំពី​សក្តានុពលរបស់ខេត្តតាកែវ ដល់អ្នកវិនិយោគជនជាតិចិនផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វុី សំណាង បានឱ្យដឹងផងដែរថា រយៈពេល ៦ខែ ដើមឆ្នាំ​២០២៥​នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់​ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបាន​បោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាម៉េរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើន​ឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម៕