ក្រុមហ៊ុនខ្នាតយក្ស HP គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយសារការកើនឡើងនៃ AI

អន្តរជាតិ

ក្រុមហ៊ុនផលិតកុំព្យូទ័រ និងម៉ាស៊ីនព្រីន HP បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកា នូវការផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញទ្រង់ទ្រាយធំ ដែលនឹងអាចឈានដល់ការកាត់បន្ថយបុគ្គលិកប្រហែល ១០% នៃបុគ្គលិកសរុបរបស់ខ្លួននៅទូទាំងពិភពលោក ខណៈពេលដែលក្រុមហ៊ុន កំពុងងាកទៅរកបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតប្រសិទ្ធភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ប្រាក់ចំណូលចុងក្រោយមួយរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះ រំពឹងថានឹងកាត់បន្ថយចំនួនបុគ្គលិកទូទាំងពិភពលោករបស់ខ្លួនចន្លោះពី ៤ ០០០ ទៅ ៦ ០០០ នាក់នៅឆ្នាំសារពើពន្ធ ២០២៨ ដើម្បីផ្តោតលើការទទួលយក AI ដើម្បីបង្កើននវានុវត្តន៍ និងការពេញចិត្តរបស់អតិថិជន។

ទន្ទឹមនឹងនេះ​លោក Enrique Lores នាយកប្រតិបត្តិ HP បានមានប្រសាសន៍ក្នុងអំឡុងពេលនិយាយទៅកាន់សន្និសីទសារព័ត៌មានថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក កំពុងផ្តោតលើការអភិវឌ្ឍផលិតផល ប្រតិបត្តិការផ្ទៃក្នុង និងការគាំទ្រអតិថិជន ដែលផែនការទាំងអស់នេះ​អាចនឹងរងផលប៉ះពាល់ដល់បុគ្គលិកជុំវិញការកាត់បន្ថយការងារ។

លោក Lores បានបន្ថែមឲ្យដឹងទៀតថា ៖”យើងរំពឹងថាគំនិតផ្តួចផ្តើមនេះ នឹងបង្កើតការសន្សំអត្រាប្រតិបត្តិការសរុបចំនួន ១ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ”។

គួរឲ្យដឹងថា ក្រុមហ៊ុន HP ក៏ធ្លាប់បានបញ្ឈប់បុគ្គលិកបន្ថែមចំនួន ១ ០០០ ទៅ ២ ០០០ នាក់រួចទៅហើយ នៅក្នុងខែកុម្ភៈ ដែលជាផ្នែកមួយនៃផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលបានប្រកាសពីមុន។

ជម្រាបជូនថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត រួមមាន Google, Microsoft និង Amazon ក៏បានប្រកាសពីការកាត់បន្ថយកម្លាំងពលកម្មក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយក្រុមហ៊ុនទាំងនោះបានលើកឡើងពីតម្រូវការក្នុងការបែងចែកធនធានឡើងវិញ រួមទាំងការងារ និងការឆ្ពោះទៅរកគំនិតផ្តួចផ្តើម AI៕​