ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងស្ថានទូតអ៊ីស្រាអែលថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ សំដៅឈានទៅជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរ។ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោករដ្ឋមន្រ្តី ហេង សួរ និងលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍ និងអបអរលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក ក៏បានបង្ហាញនូវជំនឿជឿជាក់ថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ សម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន។
សូមជម្រាបថា តាមរយៈជំនួបខាងលើនេះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក៕ អត្ថបទ៖ហ្សាលីន


