សម្ដេច ហ៊ុន សែន ប្រកាសផ្តល់វគ្គសិក្សាចំណេះជំនាញបច្ចេកទេស ដល់យុវជនក្រីក្រដោយឥតគិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងបណ្តុះបណ្តាលដល់ពលរដ្ឋកម្ពុជាក្រីក្រឱ្យបានចូលសិក្សាចំណេះជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដើម្បីបំពេញតម្រូវការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ហេតុនេះយ៉ាងយូរដើមឆ្នាំក្រោយ កម្ពុជានឹងអនុវត្ដន៍គោលនយោបាយថ្មីមួយគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ ហើយថែមនឹងផ្ដល់ប្រាក់ខែឱ្យថែមទៀត។

គួរបញ្ជាក់ដែរថា នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា គោលដៅនោះគឺប្រមូលសិស្សដែលក្រីក្រមិនបានបន្តការសិក្សាអប់រំឱ្យទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុងប្រព័ន្ធ។ក្រៅពីនេះ សម្តេចតេជោ ក៏បានប្រកាសជាថ្មីផ្ដល់ឱកាសថែមទៀត សម្រាប់អ្នកប្រឡងបាក់ឌុបមិនជាប់ ដោយឱ្យពួកគេរៀនបរិញ្ញាបត្ររង ឬរៀនជំនាញវិជ្ជាជីវៈ និងបន្តទៅកម្រិតផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ ពិសី