ក្រុមហ៊ុនធានារ៉ាប់រងហុងកុង ប្រឈមមុខនឹងការសងលុយជាង ៣០០លានដុល្លារ ជុំវិញការឆេះអាគារដ៏សាហាវ

អន្តរជាតិ

ក្រុមហ៊ុនធានារ៉ាប់រង China Taiping ដែលជាក្រុមហ៊ុនធានារ៉ាប់រងនៃអគារផ្ទះអាផាតមិនមួយកន្លែងនៅទីក្រុងហុងកុង ជាកន្លែងដែលអគ្គីភ័យដ៏សាហាវបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៩៤ នាក់ កំពុងប្រឈមមុខនឹងការសងលុយរហូតដល់ទៅ ២,៦ពាន់លានដុល្លារហុងកុង (ឬស្មើប្រមាណ ៣៣៤លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន China Taiping ត្រូវបានគេរាយការណ៍ទៀតថា នឹងជាអ្នកទទួលខុសត្រូវទាំងស្រុងរបស់ភាគីទីបី និងសំណងសម្រាប់បុគ្គលិក សម្រាប់ការងារត្រួតនិត្យនៅអាគារ Wang Fuk Court ក្នុងសង្កាត់ Tai Po ដែលជាកន្លែងអគ្គីភ័យបានឆាប់ឆេះឡើង កាលពីថ្ងៃពុធ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន China Taiping ក៏នឹងត្រូវរាប់រងលើចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាធានារ៉ាប់រងពេញលេញ បូករួមទាំងទឹកប្រាក់ ៥០លានដុល្លារហុងកុងបន្ថែម សម្រាប់ហេតុការណ៍កើតឡើងនេះ។

ក្រុមហ៊ុនធានារ៉ាប់រងក៏នឹងផ្តល់សំណងដល់បុគ្គលិកចំនួន ២០០លានដុល្លារហុងកុងបន្ថែមទៀត សម្រាប់គម្រោងនេះផងដែរ។ ដោយសម្រាប់ការធានារ៉ាប់រងទៅលើការខូចខាតទ្រព្យសម្បត្តិទូទៅ China Taiping នឹងត្រូវចំណាយអស់ប្រមាណ ២ពាន់លានដុល្លារហុងកុងបន្ថែមទៀត។

ជារួមមក នេះមានន័យថា ការប៉ះពាល់របស់ក្រុមហ៊ុនធានារ៉ាប់រង China Taiping អាចឈានដល់ ២,៦ពាន់លានដុល្លារហុងកុង ឬស្មើប្រហែល ៩,៣% នៃប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំនេះ។

ជម្រាបជូនផងដែរថា យ៉ាងហោចណាស់មានមនុស្ស ៩៤ នាក់បានស្លាប់ និង ៧៦ នាក់រងរបួស។ អាជ្ញាធរបាននិយាយថា ពួកគេបានពន្លត់អណ្តាតភ្លើងនៅក្នុងប្លុកចំនួនបួន ក្នុងចំណោមប្លុកចំនួនប្រាំពីរដែលរងផលប៉ះពាល់ ដោយអគ្គីភ័យឆាប់ឆេះយ៉ាងសាហាវកាលពីថ្ងៃពុធ។ ក្រុមប៉ូលីសបានសន្និដ្ឋានថា អគ្គីភ័យនេះអាចបណ្តាលមកពីក្រុមហ៊ុនសំណង់ធ្វេសប្រហែលយ៉ាងខ្លាំង ដោយប្រើប្រាស់សម្ភារៈមិនមានសុវត្ថិភាព៕​