ក្រុមហ៊ុនធានារ៉ាប់រង China Taiping ដែលជាក្រុមហ៊ុនធានារ៉ាប់រងនៃអគារផ្ទះអាផាតមិនមួយកន្លែងនៅទីក្រុងហុងកុង ជាកន្លែងដែលអគ្គីភ័យដ៏សាហាវបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៩៤ នាក់ កំពុងប្រឈមមុខនឹងការសងលុយរហូតដល់ទៅ ២,៦ពាន់លានដុល្លារហុងកុង (ឬស្មើប្រមាណ ៣៣៤លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ក្រុមហ៊ុន China Taiping ត្រូវបានគេរាយការណ៍ទៀតថា នឹងជាអ្នកទទួលខុសត្រូវទាំងស្រុងរបស់ភាគីទីបី និងសំណងសម្រាប់បុគ្គលិក សម្រាប់ការងារត្រួតនិត្យនៅអាគារ Wang Fuk Court ក្នុងសង្កាត់ Tai Po ដែលជាកន្លែងអគ្គីភ័យបានឆាប់ឆេះឡើង កាលពីថ្ងៃពុធ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន China Taiping ក៏នឹងត្រូវរាប់រងលើចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាធានារ៉ាប់រងពេញលេញ បូករួមទាំងទឹកប្រាក់ ៥០លានដុល្លារហុងកុងបន្ថែម សម្រាប់ហេតុការណ៍កើតឡើងនេះ។
ក្រុមហ៊ុនធានារ៉ាប់រងក៏នឹងផ្តល់សំណងដល់បុគ្គលិកចំនួន ២០០លានដុល្លារហុងកុងបន្ថែមទៀត សម្រាប់គម្រោងនេះផងដែរ។ ដោយសម្រាប់ការធានារ៉ាប់រងទៅលើការខូចខាតទ្រព្យសម្បត្តិទូទៅ China Taiping នឹងត្រូវចំណាយអស់ប្រមាណ ២ពាន់លានដុល្លារហុងកុងបន្ថែមទៀត។
ជារួមមក នេះមានន័យថា ការប៉ះពាល់របស់ក្រុមហ៊ុនធានារ៉ាប់រង China Taiping អាចឈានដល់ ២,៦ពាន់លានដុល្លារហុងកុង ឬស្មើប្រហែល ៩,៣% នៃប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំនេះ។
ជម្រាបជូនផងដែរថា យ៉ាងហោចណាស់មានមនុស្ស ៩៤ នាក់បានស្លាប់ និង ៧៦ នាក់រងរបួស។ អាជ្ញាធរបាននិយាយថា ពួកគេបានពន្លត់អណ្តាតភ្លើងនៅក្នុងប្លុកចំនួនបួន ក្នុងចំណោមប្លុកចំនួនប្រាំពីរដែលរងផលប៉ះពាល់ ដោយអគ្គីភ័យឆាប់ឆេះយ៉ាងសាហាវកាលពីថ្ងៃពុធ។ ក្រុមប៉ូលីសបានសន្និដ្ឋានថា អគ្គីភ័យនេះអាចបណ្តាលមកពីក្រុមហ៊ុនសំណង់ធ្វេសប្រហែលយ៉ាងខ្លាំង ដោយប្រើប្រាស់សម្ភារៈមិនមានសុវត្ថិភាព៕

