លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក វ៉ាឌីស្វាហ្វ បារតូឆែ ហ្វស្គី (Władysław T. Bartoszewski) រដ្ឋលេខាធិការនៃក្រសួងការបរទេសនៃសាធារណរដ្ឋប៉ូឡូញ បានបង្ហាញការតាំងចិត្ដយ៉ាងមុតមាំជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀតលើវិស័យសំខាន់ៗចំនួន១២។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងពេលដែលលោកស្រី ជ្រឹង បុទុមរង្សី និងលោក វ៉ាឌីស្វាហ្វ បារតូឆែ ហ្វស្គី ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣រវាងក្រសួងការបរទេស ប្រទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានស្វាគមន៍ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ មានផ្លែផ្កាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមកជិតប្រាំពីរទសវត្សរ៍ ជាពិសេស ការរីកចម្រើនគួរជាទីពេញចិត្ដលើវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន។
ជាមួយគ្នានោះ រដ្ឋលេខាធិការទាំងពីរបាន គូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកប ដោយចីរភាព ដែលជាយន្តការដ៏សំខាន់មួយសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ រវាងកម្ពុជានិងប៉ូឡូញ។
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការតាំងចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដោយបានពិភាក្សាគ្នាស៊ីជម្រៅលើប្រធានបទជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច ជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។
ទន្ទឹមនឹងការទទួលស្គាល់ ពីការរីកចម្រើនខ្លាំងក្នុងវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានកត់សម្គាល់នូវសក្តានុពលដែលនៅមាន និងបានឯកភាពស្វែងរកវិធីសាស្ត្រជាក់ស្តែងនានា ដើម្បីជំរុញការចូលរួមបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការរៀបចំកម្មវិធីដំណើរទស្សនកិច្ចពាណិជ្ជកម្ម និងវិនិយោគ ទាំងនៅក្នុងប្រទេស កម្ពុជានិងក្នុងប្រទេសប៉ូឡូញ នាពេលខាងមុខផងដែរ៕




