ធនាគារជាតិ៖ កំណើនវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា ហៅកាត់ថា NBC បានលើកឡើងថា ការកើនឡើងនៃវិនិយោគផ្ទាល់បរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នេះបើតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពម៉ាក្រួសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នំា២០២និងទស្សនវិស័យឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្តថា ទោះមានការថយចុះបន្តិចក៏ដោយ ទុនបម្រុងអន្តរជាតិមានកម្រិត ៧ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ ខ្ពស់ជាងកម្រិតដែលប្រទេសកំពុងអភិវឌ្ឍន៍ គួរមាន (៣ខែ) ក៏កម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិបានគាំទ្រដល់ការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់និងផ្គត់ផ្គង់សាច់ប្រាក់ក្នុងកម្រិតសមស្រប។ NBC បន្តថា ការកើនឡើងនៃវិនិយោគផ្ទាល់បរទេស និងការនាំចេញបានជួយបន្ថយសម្ពាធលើការថយចុះទុនបម្រុងអន្តរជាតិរបស់កម្ពុជា គឺបានរក្សាស្ថិរភាពថ្លៃនិងឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់បន្ថថា៖«អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវ បានរក្សាឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.១០២ ដែលថយថ្លៃត្រឹម ០,១% ប៉ុណ្ណោះធៀបនឹងឆ្នាំមុន។ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ២០២២ បានកើនឡើងដល់ ៥,៣% ខ្ពស់ជាងឆ្នាំ២០២១ (២,៩%) ដោយសារ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ។ គួររំលេចថា អត្រាអពិផរណាបានកើនឡើងខ្ពស់ដល់ ៧,៨% នៅចុងឆមាសទី១ ប៉ុន្តែបានថយចុះជាបន្តបន្ទាប់នៅឆមាសទី២ ស្របពេលដែលថ្លៃប្រេងឥន្ធនះ និងម្ហូបអាហារបានថយចុះមកវិញ»។

គួរបញ្ជាក់ដែរ បើតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងដែរថា ប្រព័ន្ធធនាគារ ក៏បានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្ដគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច។ ឥណទានទៅកាន់វិស័យ ឯកជនបានកើនឡើង ២១% ដែលត្រូវបានបែងចែកទៅគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង ១១,៣% ថែមទៀត។

ជាមួយគ្នានេះ ប្រព័ន្ធទូទាត់ត្រូវបានបន្តធ្វើទំនើបកម្ម ដើម្បីបង្កើន ប្រសិទ្ធភាពការទូទាត់និងផ្ទេរប្រាក់ទាំងក្នុងស្រុកនិងអន្តរជាតិ ដោយបច្ចុប្បន្នគណនីអ្វីក៍ឡេតបាន កើនឡើងដល់ចំនួន ១៧,៥ លានគណនី។ ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេស ក្នុងតំបន់ ដែលរសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទសចរណ៍កម្ពុជាថែមទៀត៕ អត្ថបទ៖ ឧកញ៉ា ​ពិសី