សម្ដេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន បានជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូមអាហារនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។ ការលើកឡើងនេះ បានធ្វើនៅក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» កាលល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងបរិបទនេះ សម្ដេចតេជោរំលឹកថា ក្រោយរបប ប៉ុល ពត ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើង គឺត្រឹមតែគិតថាធ្វើម៉េច” ហូបអោយបានឆ្អែត” បន្ទាប់មកទៀតគឺគិតថាធ្វើម៉េច “ហូបឱ្យបានឆ្អែតហើយឆ្ងាញ់” តែឥឡូវដល់ដំណាក់នេះ គឺត្រូវគិតថា “ហូបឱ្យ ឆ្អែត ឱ្យឆ្ងាញ់ និងអោយមានសុវត្ថិភាព” ថែមទៀត។

ហេតុនេះ សម្តេចថា ចាំបាច់ត្រូវគិតគូរអំពីសុវត្ថិភាពម្ហូបអាហារជាចាំបាច់មុននឹងទទួលទាន ខណៈសម្ដេចសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។

គួរបញ្ជាក់ ក្រៅពីជរុញឱ្យគិតគូរលើសុវត្ថិភាពចំណីអាហារហើយនោះ សម្តេចក៏បានជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមខ្លួន និងលើកកម្ពស់សមត្ថភាពក្នុងការការទប់ស្កាត់ ដើម្បីកាត់បន្ថយហានិភ័យនានាដែលអាចកើតមានឡើងដល់ប្រជាជន។ជាមួយគ្នានោះ សម្តេចតេជោក៏ជំរុញ ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរិមាទៅលើការបណ្ដុះបណ្ដាលជំនាញសុខាភិបាលទាំងជំនាញទន់ និងរឹង ដើម្បីពង្រឹងក្រមសីលធម៌ជីវៈដល់បុគ្គលិកសុខាភិបាលគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនថែមទៀត៕