ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញមកបញ្ជាក់ជាថ្មីមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងឯកតោភាគីរបស់ប្រទេសថៃ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេស បានឱ្យដឹងថា នៅចុងសប្តាហ៍នេះ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំង ៖១, នៅតំបន់បឹងត្រកួន ឃើញមានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មតថាជាផ្ទះកំពុងឆេះនៅក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកងកម្លាំងប្រដាប់អាវុធថៃ។
២, នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។
៣, តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន ៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។
រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើនេះប៉ះពាល់ដល់សិទ្ធិ និងមិនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពក្នុងតំបន់ដូចបានរៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមការលេសស្រដៀងគ្នានេះ ដោយជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕



