កម្ពុជា សម្រេចអនុវត្តបង់របបប្រាក់សោធន សម្រាប់បុគ្គលិកក្នុងវិស័យឯកជន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​របបសន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន​ ​សម្រាប់​បុគ្គលក្នុងវិស័យឯកជន ​​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ។ សេចក្តីសម្រេចដាក់ឱ្យអនុវត្តនេះ ត្រូវបានចុះហត្ថលេខាដោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីសម្រេចរបស់ក្រសួង​ការងារ​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា របបសន្តិសុខ​សង្គម ​ផ្នែក​ប្រាក់សោធននេះ គឺចាប់អនុវត្តពី​ថ្ងៃទី ០១ ខែ​កក្កដា ឆ្នាំ​ ២០២២​ តទៅ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ​។

ក្រសួង​ទាំងពីរ​បាន​បញ្ជាក់ថា៖ «​ការ​អនុវត្ត​របបសន្តិសុខសង្គម​ផ្នែកប្រាក់​សោធន​ សម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​នៃច្បាប់ស្តី​ពី​ការងារ ដូច​មាន​ចែង​ក្នុង​មាត្រា ៣៩ ចុះ​ថ្ងៃទី​ ៤ ខែ មីនា ឆ្នាំ​ ២០២១​ កន្លង​មក​»

ជាងនេះទៀត ​អនុ​ក្រឹត្យ​នេះ​ មាន​វិសាលភាព​ អនុវត្ត​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ​ដែល​ស្ថិត​នៅ​ក្រោម​​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រាប់បញ្ចូល​ទាំង​បុគ្គល​ដែល​ធ្វើការ​ចាប់ពី​២ ​កន្លែង​ឡើងទៅ​។

គួរបញ្ជាក់ដែរថា យោងតាម​អនុក្រឹត្យនេះ សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង ភាគទាន​នេះ​ ត្រូវ​កំណត់​ក្នុង​អត្រា​ស្មើនឹង​ ៤ភាគ​រយ​ ​នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​។ ​ក្នុងនោះ ២ភាគ​រយ​ ជា​បន្ទុក​និយោជក​ និង​ ២ភាគ​រយ​ ​ជា​បន្ទុក​កម្មករនិយោជិត​។ ​ការបង់​ភាគទាន​ផ្នែក​ប្រាក់​សោធន​ត្រូវ​ធ្វើជា​ប្រចាំខែ​។

ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គមដែលហៅថា ប ស ស គឺជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់ គ្រង និងចាត់ចែង របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចមានចែងក្នុងអនុក្រឹត្យនេះ៕