ការតាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” ដែលរៀបចំដោយ ខបភើរ៉េត ខននេកសិន កម្ពុជា (Corporate Connections Cambodia) ដោយមានថ្នាក់ដឹកនាំតាមវិស័យនានា មកជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មថ្មីៗ បានចាប់ផ្តើមជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារ SUN & MOON, Riverside Hotel។

ការតាំងពិព័រណ៍ប្រចាំឆ្នាំ “CC Annual Expo 2025” មិនត្រឹមតែជាពិព័រណ៍ប៉ុណ្ណោះទេ តែព្រឹត្តិការណ៍នេះជាវេទិកាដ៏ធំបំផុតប្រចាំឆ្នាំ ដើម្បីពង្រីកបណ្ដាញទំនាក់ទំនងអាជីវកម្ម ជាកន្លែងដែលអ្នកដឹកនាំក្នុងវិស័យនីមួយៗមកជួបជុំគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើតអនាគតអាជីវកម្ម។ លើសពីនេះ CorporateConnections Cambodia បានពង្រីកវិសាលភាពនៃព្រឹត្តិការណ៍នេះឱ្យកាន់តែធំជាងមុន ដោយផ្ដោតលើការរួមបញ្ចូលវិស័យសំខាន់ៗចំនួន៣រួមមាន៖ សំណង់, សេវាកម្មអាជីវកម្ម, អាហារ និងភេសជ្ជៈ ព្រមទាំងបដិសណ្ឋារកិច្ច។
ក្នុងពិធីបើកពិព័រណ៍នាព្រឹកថ្ងៃសុក្រនេះ មានវាគ្មិនល្បីៗចំនួន៣រូប បានធ្វើបទបង្ហាញនិងចែករំលែកនូវចំណេះដឹង បទពិសោធន៍ រួមមាន៖ ១.លោកស្រី គឹម គីនកេសរ នាយកគ្រប់គ្រង CBRE Cambodia, ២.លោក សោម សម្បត្តិ ស្ថាបនិក AHC និងជា CEO ក្រុមហ៊ុនថ្នាំលាប Cam Paint, Mr. Arnaud Darc ស្ថាបនិកនិងជា CEO មន្ទីរពេទ្យ Thalias។
សូមជម្រាបថា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ “CC Annual Expo 2025” មានអ្នកចូលរួម ជាង ២០០ នាក់ និងតុតាំងពិព័រណ៍ ជាង ១០០តុ ដែលប្រមូលផ្តុំនូវក្រុមហ៊ុនធំៗចំនួន ៧០ ដោយធ្វើការតាំងបង្ហាញផលិតផល ដំណោះស្រាយ និងសេវាកម្មល្អៗបំផុត៕






























